ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា « សមត្ថកិច្ចនឹងមិនឃាត់ដំណើរ បងប្អូនជនរួមជាតិ ដែលធ្វើដំណើរ ប្រកបដោយ ការគោរពច្បាប់ ដើម្បីសួរនាំ រកឯកសារនោះទេ។ បងប្អូនអ្នកត្រឹមត្រូវ គឺអាចធ្វើដំណើរ បានដោយរលូន លើកលែងតែ បានធ្វើដំណើរដោយបំពានច្បាប់ ត្រង់ចំណុចណាមួយ ដូចជាមិនពាក់មួកសុវត្ថិភាព ឬបំពានភ្លើងសញ្ញា ទើបសមត្ថកិច្ចឃាត់ មិនឱ្យធ្វើដំណើរ ហើយចាប់ផ្ដើមសួរនាំរកឯកសារ » ។ 

សូមកុំមានទស្សនៈថា នគរបាលឆ្លៀត យកឱកាសនេះធ្វើបាបប្រជាជន នេះគឺជាភារកិច្ច ដើម្បីប្រជាជន ។ ហើយ សម្រាប់ការឃាត់គ្រប់អ្នកដំណើរ ទោះគោរពច្បាប់ និងមិនគោរពច្បាប់ ដើម្បីសួរនាំរកឯកសារនោះ គឺជាវិធានការរដ្ឋបាលប៉ុណ្ណោះ  ។

សម្ដេចក្រឡាហោម បានមានប្រសាសន៍ថា វិធានការរឹត បន្តឹងច្បាប់ចរាចរណ៍ ផ្លូវគោកនេះ គឺដាក់ចេញដើម្បីឆ្លើយតប នឹងភាពអាសន្ន នៃគ្រោះថ្នាក់ចរាចរណ៍ ដែលមានកំណើន យ៉ាងគំហុក កាលពីឆ្នាំកន្លងទៅ បានបណ្ដាលឱ្យមានអ្នកស្លាប់ របួសពិការ បង្កឱ្យមានកុមារកំព្រា និងការវិនាស ព្រាត់ប្រាស់ក្នុងគ្រួសារ ទាំងនៅក្នុងស្ថានភាពដែលប្រទេសជាតិ បានចាកផុតពីភ្លើងសង្គ្រាម មានសន្តិភាព និងការអភិវឌ្ឍន៍ ទៅហើយនោះ ។

សម្ដេចបានគូសបញ្ជាក់ទៀតថា ព្រោះតែហេតុ យ៉ាងដូច្នេះហើយ បានជា គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោកបានសម្រេចកំណត់យក ឆ្នាំ២០២០នេះ ជាឆ្នាំបង្កើន ការរឹតបន្តឹង ការអនុវត្តច្បាប់ ជាងបណ្ដាឆ្នាំណាៗទាំងអស់ ដែលវិធានការនេះមិនមែន ជាការដាក់បន្ទុក លើប្រជាពលរដ្ឋ នៅក្នុងស្ថានភាពលំបាក នៃជំងឺកូវីដ១៩នោះទេ ប៉ុន្តែគឺដើម្បីសេចក្ដីសុខសុវត្ថិភាពសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ។ 

សម្ដេចបានមានប្រសាសន៍បែបនេះ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសាឆ្នាំ២០២០ ក្នុងពេលអញ្ជើញដឹកនាំ កិច្ចប្រជុំពិនិត្យសេចក្ដីព្រាង សេចក្ដីណែនាំស្ដីពីតួនាទីភារកិច្ច និងរបៀបរបបការងារ របស់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងអគ្គនាយក ឬអង្គភាពប្រហាក់ប្រហែល ចំណុះក្រសួងមហាផ្ទៃ ប្រារព្ធនៅទីស្ដីការក្រសួងមហាផ្ទៃ ៕ 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ